
Thursday, October 17, 2013
Cambodian Farmer
ប្រជាជនខ្មែរជាជាតិសាសន៍មួយមានដើមកំណើតនៅក្នុងដែនដីសុវណ្ណភូមិដែលមាន អំណោយទានយ៉ាងវិសេសវិសាលក្នុងការរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត។ កត្តាធម្មជាតិ កត្តាសង្គមបានជម្រុញឲ្យប្រជាពលរដ្ឋខ្មែរជ្រើសនូវរបរកសិកម្មជាអាជីពដើម្បីទទួលផលសម្រាប់ហូបក្នុងគ្រួសារខ្លួនផង ព្រមទាំងអាចរកប្រាក់ចំណូលផ្គត់ផ្គង់ជីវភាព និង ទប់ទល់ការចំណាយផ្សេងៗក្នុងគ្រួសារនីមួយៗផង។

ថ្ងៃនេះដើម្បីជាការសម្ភោធនូវដំណើរផ្សព្វផ្សាយរបស់ បណ្តាញកសិករខ្មែរ យើងខ្ញុំសូមលើកយកនូវបទពិសោធន៍ទាក់ទងទៅនឹងវិធីសាស្រ្តធ្វើស្រែរបស់កសិករក្នុងខេត្តតាកែវមកបង្ហាញ ជូនមិត្តអ្នកអានទាំងអស់គ្នា ៖
វីធីសាស្រ្ត
1. លើកភ្លឺដើម្បីទប់ទឹក
2. យកជីអាចមន៍គោទៅដាក់នៅស្រែ រាយអោយពេញស្រែ)មុនពេលភ្ជួរដាស់ស្រែ
3. បង្ហូរទឹកដាក់អោយពេញស្រែ
4. ចាប់ផ្តើមភ្ជួរ។ បន្ទាប់ពីភ្ជួរត្រូវផ្អាប់ទុករយៈពេលប្រហែលកន្លះខែរហូតដល់ដីឡើងផុស។
5. រើសមើលគ្រាប់ពូជស្រូវ តើចង់ធ្វើស្រូវស្រាល(អាចហៅថាស្រូវកន្លះ) ឬ ស្រូវធ្ងន់។ ធម្មតាស្រូវស្រាលអាចប្រមូលផលក្នុងរយៈពេលប្រហែលបីខែ, ឯស្រូវធ្ងន់វិញ ទាល់តែប្រហែលប្រាំមួយខែទើបអាចប្រមូលផលបាន។
6. យកគ្រាប់ពូជទៅដាក់ត្រាំទឹកពីឬបីថ្ងៃដើម្បីអោយវាដុះពន្លកចេញមក
7. ពិនិត្យមើលបរិមាណទឹកនៅក្នុងស្រែសិន។ បើទឹកច្រើនពេកត្រូវបើកទឹកបង្ហូរចេញសិន ដោយហេតុថាកាលណាទឹកច្រើនពេកគ្រាប់ពូជស្រូវរាយមិនស្មើសាច់ដី, វាអាចនិងអណ្តែតប្រមូលផ្តុំគ្នាម្តុំៗ។ កំរិតទឹកគួរតែល្មមត្រឹមសើមជោកដីជាផុកប៉ប៉ាច់ៗ
8. បន្ទាប់មកទៅរាស់ភ្ជួរដីស្រែ ឡើងវិញរួចរាស់ដីស្រែអោយម៉ត់
9. ខណ្ឌ័រងដោយនង្គ័លដើម្បីសាបព្រោះ ។ រងនីមួយៗអាចយកទំហំប្រហែលមួយម៉ែត្រកន្លះ។
10. គ្រាប់ពូជដែលបានត្រាំទឹកនិងដុះចេញជាពន្លកហើយនោះ និងមានឬសដុះកណ្តាញ់ជាប់គ្នា។ អ្នកត្រូវត្រសុសវាអោយដាច់ឬសចេញពីគ្នាជាមុនសិនមុននិងយកទៅសាបព្រោះ។ ធ្វើបែបនេះដើម្បីកុំអោយពេលសាបព្រោះវានៅម្តុំៗជាប់គ្នា។ បន្ទាប់មកយកគ្រាប់ពូជនោះទៅព្រោះលើរងដែលបានរៀបចំទុកហើយ។
11. ទុករយៈពេលកន្លះខែទៅមួយខែទៅតាមប្រភេទស្រូវ សំខាន់ដើម្បីអោយវាដុសចេញមកអោយបានប្រវែងប្រហែលជាងមួយតឹក
12. មុនពេលដកសំណាបត្រូវរៀបចំដីស្រែសំរាប់ស្ទូង។ ដូចខាងលើជំហានទីមួយ ដល់ទីបួន។
13. ចាប់ផ្តើមដកសំណាប ចងជាកណ្តាប់ៗ។ កាត់ចុងសំណាប រួចត្រាំទឹកទុករយៈពេលពីថ្ងៃដើម្បីអោយឬសវារឹងមាំសិន។
14. ភ្ជួររាស់ស្រែម្តងទៀត រួចយកសំណាបដែលបានផ្អាប់ទុកពីរថ្ងៃនោះទៅស្ទូង
15. ថែទាំស្រែជាប្រចំា ពិនិត្យទឹកកុំអោយច្រើនហួសពេកឬតិចពេក , បោចស្មៅ, ដាក់ថែមជីប្រសិនបើស្រូវអន់
16. នៅពេលស្រូវចេញដង្ហើម(ឬថាស្រូវផើមរៀបនិងចេញគួរ) ជាពេលសំខាន់ មិនត្រូវអោយមានទឹកច្រើនពេកនៅក្នុងស្រែ ហើយក៏មិនត្រូវគោកព្រោះស្រូវអាចស្កក
17. នៅពេលស្រូវទុំត្រូវបង្ហូរទឹកចេញពីឬបីថ្ងៃមុនពេលច្រូតកាត់
ដោយសារការរីកចម្រើននៃប្រព័ន្ធបច្ចេកវិទ្យានាពេលបច្ចុប្បន្ន គ្រឿងចក្រគ្រប់ប្រភេទបានដើរតួរនាទីយ៉ាងសំខាន់សម្រាប់ជម្រុញបង្កើននូវចង្វាក់ផលិតកម្មកសិកម្ម របស់កសិករកម្រិតគ្រួសារ និង ម្ចាស់កសិដ្ឋាននានា។ កែសម្រួលនឹងដកស្រង់បទពិសោធន៍របស់សហគមន៍កសិករខេត្តតាកែវ ( e វិធី )៕

Subscribe to:
Post Comments (Atom)














No comments:
Post a Comment