Tuesday, May 13, 2014

ក្រសួងមហាផ្ទៃ ជ្រើសរើស​បុគ្គលិក​បម្រើ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល នៅតាម​ខេត្ត​រាជធានី

ក្រសួងមហាផ្ទៃ ប្រកាស​ជ្រើសរើស​បុគ្គលិក​ជាង​៤៧០​នាក់ ឲ្យចូល​បម្រើ​ការងារ​នៅក្នុង​ក្របខ័ណ្ឌ​មន្ត្រី​រាជ ការ​ស៊ីវិល នៅតាម​ខេត្ត​រាជធានី ដោយ​ក្រសួង​បើក​ឲ្យមាន​ការប្រឡង​បញ្ចូល​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ​សម្រាប់​ឆ្នាំ​២០១៤ ។​ ​សេចក្តីជូនដំណឹង​ក្រសួង​មហាផ្ទៃ​ចុះ​ថ្ងៃទី​១២ ខែ​ឧសភា នេះ​ឲ្យដឹងថា ក្រសួង​ត្រូវ​ការជ្រើសរើស​មន្ត្រី​បម្រើ​ការងារ នៅតាម​រដ្ឋបាល​ថ្នាក់ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​នៅតាម​បណ្តា​ពន្ធនាគារ​រាជធានី ពន្ធនាគារ​ខេត្ត ចំនួន​៤៧៨​នាក់​។ សេចក្តីជូនដំណឹង​បន្តថា សម្រាប់​មន្ត្រី​រដ្ឋបាល​ជាន់ខ្ពស់ ជ្រើសរើស​បេក្ខជន​ចំនួន​៧៨​នាក់ និង​មន្ត្រី​ក្រមការ​ចំនួន​១០០​នាក់ លេខាធិកា​រដ្ឋបាល ចំនួន​២២០ នាក់ និង​អនុរក្ស​ពន្ធនាគារ​ចំនួន​៨០ ស្រី​១៦​នាក់ ទូទាំង​២៥​ខេត្ត​រាជធានី ។ ​បេក្ខជន​ដែល​មាន​បំណង​ចូល​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ ត្រូវ​ទៅ​ដាក់​ពាក្យ​សុំ​ចុះ​ឈ្មោះ​ចូលរួម​ប្រឡង​ប្រជែង​​នៅការិយាល័យ​ក្របខ័ណ្ឌ នាយកដ្ឋាន​បុគ្គលិក និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​មូល​ដ្ឋាន​។សម្រាប់​បេក្ខជន​ដែល​មាន​បំណង​ចូល​បម្រើ​នៅ​តាម​រចនាសម្ព័ន្ធ​ចំណុះ​ឲ្យ​សាលា​រាជធានី ខេត្ត និង​តាម​ពន្ធនាគារ​រាជ​ធានី ខេត្ត ត្រូវ​ទៅ​ដាក់ពាក្យ​នៅតាម​សាល​រាជធានី និង​សាលាខេត្ត​សាមី នៅ​រៀងរាល់​ម៉ោង​ធ្វើការ​ចាប់ពី​ថ្ងៃ​ជូន​ដំណឹង​​នេះ ហើយ​ផុតកំណត់​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៤ ៕

No comments:

Post a Comment